ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ!

ព្រៃវែង៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅបរិវេណសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អគារអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ ដែលត្រូវបានសាងសង់ ឡើងក្នុងគម្រោងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមការផ្តួចផ្តើម របស់ សម្តេចក្រឡាហោម ស ខេង ដោយមានការគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានបង្កើតឡើងជាគម្រោង លើកទី១នៅកម្ពុជា។

ឯកឧត្ដមអភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថា អគារវិទ្យាស្ថាននេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ និងបាន បញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ មានរយៈពេលសាងសង១២ខែ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្រាប់បណ្តុះបណ្តាល សហគ្រិនភាពដល់យុវជន សិស្ស-និស្សិត ទាំងកំពុងសិក្សា និងក្រោយ បញ្ចប់ការសិក្សា និងផ្តល់ឱកាសឱ្យនិស្សិតបានហាត់ការអំពីការធ្វើអាជីវកម្ម ក្រោមការណែនាំ ពីសាស្ត្រាចារ្យ និងអ្នកជំនួញមានបទពិសោធន៍ខ្ពស់មុននឹងចេញទៅប្រកបអាជីវកម្មដោយខ្លួន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យទៅជាកាពិត ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឧស្សាហកម្ម សហគ្រាស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចទាំងក្នុងប្រទេស និងក្រៅបរទេស។

បន្ថែមក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ មានអនុសាសន៍ផ្តាំផ្ញើថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាការប្តេជ្ញារួមគ្នា ដើម្បីវិនិយោគលើសហគ្រិនជំនាន់ថ្មីនៅកម្ពុជា។ តាមរយៈកម្មវិធី សហគ្រិនមហាវិទ្យាល័យ យើងសម្រួចអនាគតរបស់និស្សិតសាកលវិទ្យាល័យរបស់យើង និង ប្រែក្លាយគំនិតឲ្យទៅជាឱកាស តាមរយៈការសាកល្បងធ្វើអាជីវកម្ម និងដោះស្រាយបញ្ហា។

ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ទីជិតឆ្ងាយដែលបានចូលរួមចំណែកជាថវិការផ្ទាល់ខ្លួនក្នុងការជួយកសាងអគារផ្សេងៗនៅក្នុងសាកលវិទ្យាល័យជាតិជា ស៊ីម កំចាយមារ នេះឡើងដើម្បីទុកជាប្រវត្តិសាស្ត្រដល់ក្មេងជំនាន់ក្រោយ និងជាកន្លែងបណ្ដុះធនធានចំណេះដឹងដល់យុវជនគ្រប់ជំនាន់ទាំងអស់នៅក្នុងស្រុកកំចាយមាននេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមារ ក៏ដូចជាស្រុកដទៃទៀត ដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នេះទទួលបាននូវចំណេះដឹង គ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *